មានពាក្យមួយឃ្លាដែលគេនិយមលើកឡើងថា “និទ្ទេសមិនទាន់កំណត់ជោគវាសនា”
សម្តីនោះជាការពិតតែមួយផ្នែកប៉ុណ្ណោះ។ ខណៈពេលដែលពិន្ទុតែម្នាក់ឯងមិនអាចសម្រេចចិត្តថាតើជីវិតនឹងនាំអ្នកទៅណានោះ តែវាអាចបើកទំព័រថ្វីសម្រាប់ជីវិត និងបង្កើតឱកាសដែលប្រហែលជាមិនអាចទៅរួចជាច្រើន។
ខ្ញុំបានឃើញនិស្សិតដែលមាននិទ្ទេសមធ្យមជាច្រើនដែលបានជោគជ័យក្នុងជីវិត អាចទទួលបានអាហារូបករណ៍ និងជោគជ័យក្នុងអាជីពការងារពួកគេ។ហើយអនាគតរបស់អ្នកមិនអាចកំណត់បានត្រឹមតែក្រដាសសញ្ញាប័ត្រមួយសន្លឹកទេ។ ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តប្អូនៗជំនាន់ក្រោយ ជាពិសេសប្រសិនបើអ្នកនៅតែរៀននៅថ្នាក់មធ្យមសិក្សា ឱ្យខិតខំតាមដែលអាចធ្វើបាន ស្រមៃអោយខ្ពស់ ប្រឹងប្រែងអោយអស់ពីសម្ថភាព តស៊ូ ធ្វើយ៉ាងណា ដើម្បីទទួលបានពិន្ទុ A។ ខាងក្រោយជាហេតុផលមួយដែលខ្ញុំគិតថាប្អូនគ្រប់គ្នាគួរពិចារណា
-
ធ្វើឱ្យឪពុកម្តាយរបស់អ្នកមានមោទនភាព
ឪពុកម្តាយរបស់អ្នកបានខិតខំធ្វើការអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាអាចបញ្ជូលអ្នកទៅសាលារៀននឹងគេ។ គាត់ខំប្រឹងប្រែងទោះបីឈឺក៏មិនហ៊ានសម្រាក ក៏ព្រោះតែគាត់ចង់ឃើញកូនរបស់គាត់់មានអនាគតល្អ អាចមាន ឱកាសកាន់តែប្រសើរក្នុងជីវិតជាងគាត់ ដូច្នេះហើយនិទ្ទេសល្អមិនមែនគ្រាន់តែជាលេខទេ វាគឺជាវិធីបង្ហាញពីការដឹងគុណចំពោះឪពុកម្តាយអ្នក។ -
សម្រាលបន្ទុកហិរញ្ញវត្ថុតាមរយៈអាហារូបករណ៍
និទ្ទេសល្អ អាចធ្វើឱ្យអ្នកទទួលបានអាហារូបករណ៍ដែលសិក្សាមិនគិតនៅថ្នាក់សកលវិទ្យាល័យ។ ទាំងនេះមិនត្រឹមតែជាមោទភាពមួយទេ វាក៏អាចយសម្រាលទម្ងន់ហិរញ្ញវត្ថុរបស់ឪពុកម្តាយរបស់អ្នកផងដែរ។ ស្រមៃមើលថានៅពេលដែលអ្នកចប់វិទ្យាល័យអាយុរបស់អ្នកចាប់ពី ១៨ ទៅ ២០ ហើយ អ្នកនៅតែសុំលុយឪពុកម្តាយរបស់អ្នកដើម្បីបង់សាលាថែមទៀត តើអ្នកមានអារម្មណ៍យ៉ាងណា? ចុះបើអ្នកទទួលបានអាហារូបករណ៍ដោយមិនគិតថ្លៃ តើវាល្អប្រសើរយ៉ាងណាសម្រាប់គាត់។ វាអាចជាការសងគុណមួយទៅកាន់ពួក ដែលអាចដកបន្ទុកដែលគាត់ធ្លាប់មាន ជួយអោយសំពោធគាត់ធូរស្បើយជាងមុន។
-
និទ្ទេស គឺជាចំណុចចាប់ផ្តើម មិនមែនជាការបញ្ចប់ទេ
មិនថាអ្នកទទួលបាននិទ្ទេស A , B ឬទាបជាងនេះទេ គ្រប់ថ្នាក់ទាំងអស់គឺជាចំណុចចាប់ផ្តើម ដរាបណាអ្នកនៅមានដង្ហើម អ្នកតស៊ូព្យាយាម និងខិតខំប្រឹងប្រែងអោយអស់ពីសម្ថភាព។ និទ្ទេសល្អ រួមផ្សំនិងទម្លាប់នៃការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តជាប់លាប់អាចជួយអោយអ្នកដើរលឿនជាងអ្នកដទៃ។ អ្វីដែលសំខាន់បំផុតនោះគឺអ្នកបន្តរៀនសូត្រ និង បន្តដំណើរទៅមុនជានិច្ច។
-
កសាងវិន័យ និងក្រមសីលធម៌ការងារ
ការឆ្ពោះទៅរកនិទ្ទេស A មិនមែនត្រឹមតែប្រឹងប្រែងដើម្បីនិទ្ទេសនិងធ្វើអោយឪពុកម្តាយសប្បាយចិត្តតែប៉ុណ្ណោះទេ តែគឺការបណ្តុះបណ្តាលខ្លួនឯងឱ្យមានវិន័យ មានភាពអត់ធ្មត់ និងភាពសកម្មក្នុងការសិក្សា។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដែលសំខាន់ជាងកម្រិតសិក្សាទៅទៀត ព្រោះវានៅជាប់ជាមួយអ្នកយូរមកហើយ បន្ទាប់ពីអ្នកបានចេញពីថ្នាក់វិទ្យាល័យ
-
ការងារនាពេលអនាគត និងឱកាសនៅតែមើលការខិតខំប្រឹងប្រែង
ខណៈពេលដែលនិយោជកជាច្រើនមិនខ្វល់ប្រសិនបើអ្នកទទួលបាន A ឬ C នៅវិទ្យាល័យ ពួកគេយកចិត្តទុកដាក់ថាតើអ្នកបានបង្ហាញពីការយកចិត្តទុកដាក់ ការទទួលខុសត្រូវ និងសមិទ្ធិផលនាពេលកន្លងមកដែរឬទេ។ ចំណាត់ថ្នាក់គឺជាវិធីមួយដើម្បីឆ្លុះបញ្ចាំងថាអ្នកបានខិតខំកម្រិតណា។
-
ការអប់រំ គឺជាការវិនិយោគរបស់អ្នកនៅក្នុងខ្លួនអ្នក
លុយ និង ទ្រព្យអាចលួចបាន ប៉ុន្តែការអប់រំគឺជាអ្វីដែលគ្មាននរណាម្នាក់អាចយកពីអ្នកបានឡើយ។ នៅពេលដែលអ្នកជំរុញខ្លួនឯងឱ្យធ្វើបានល្អវាដូចជាអ្នកកំពុងវិនិយោគឡើងវិញ គំនិតរបស់អ្នក, ជំនាញរបស់អ្នកនិងអនាគតរបស់អ្នក។
ការពិតទៅ ៖ សិស្សដែលមិនទទួលបាននិទ្ទេស A នៅតែអាចជោគជ័យក្នុងជីវិត ហើយពេលខ្លះច្រើនជាងអ្នកដែលបានធ្វើ។ ប៉ុន្តែប្រសិនបើយើងអាចធ្វើបានល្អប្រសើរជាងនេះ ហេតុអ្វីយើងមិនសាកល្បងធ្វើវា? កុំអនុញ្ញាតឱ្យនរណាម្នាក់បញ្ចុះបញ្ចូលអ្នកថា ការខិតខំប្រឹងប្រែងដើម្បីទទួលបានពិន្ទុល្អ គឺគ្មានន័យទេ។
ពិន្ទុមិនមែនជាកត្តាកំណត់អនាគតអ្នកទេ ប៉ុន្តែវាជាជំហានដំបូងដ៏សំខាន់ក្នុងការសាងសង់អនាគតរបស់អ្នក។
Tan Lydana
Frontend Developer
ព័ត៌មានថ្មីៗ
មើលបន្ថែមទៀត